សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងប្រគល់ជូន “ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត” ជូនដល់លោក អ៊ុំ សួន ដែលជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ។
ប័ណ្ណនេះ នឹងមានអទិភាព អាចចូលទស្សនាគ្រប់ការប្រកួតទាំងអស់ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា។
លោក អ៊ុំ សួន ត្រូវបានអ្នកទស្សនា និងនិយមកីឡាកម្ពុជាទទួលស្គាល់ថាជាអ្នកគាំទ្រការប្រកួតបាល់ទាត់តាំងពីសង្គមរាស្រ្តនិយម ហើយមកដល់សព្វថ្ងៃនេះ មិនថាមានការប្រកួតបាល់ទាត់ជម្រើសជាតិ និងការប្រកួតលីគនោះទេ លោកអ៊ុំ តែងតែមានវត្តមានក្នុងការប្រកួតទាំងនោះមិនដែលខានទាល់តែសោះ។
បុរសវ័យ ៨៧ឆ្នាំរូបនេះ តែងតែចូលរួមលើកស្ទួយគ្រប់សកម្មភាពកីឡា ក្នុងគោលបំណងតែមួយគត់ គឺចង់ឃើញកីឡាជាតិរីកចម្រើន។ ទន្ទឹមនេះ លោក បានសន្យាគាំទ្រកីឡា ជាពិសេស បាល់ទាត់ និងប្រដាល់ រហូតដល់ជីវិតចុងក្រោយ៕