ក្នុងដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រុមនារីវៀតណាម បានធ្វើដំណើរទៅហ្វឹកហាត់រយៈពេល ២សប្តាហ៍នៅប្រទេសជប៉ុន ដែលអាកាសធាតុខុសពីប្រទេសកម្ពុជា។
គ្រូបង្វឹក Mai Duc Chung បាននិយាយថា៖«ពួកយើងបានទៅហ្វឹកហាត់នៅប្រទេសជប៉ុនជាច្រើនដង ដែលក្នុងនោះមានអ្នកចូលរួមហ្វឹកហាត់ច្រើន។ អាកាសធាតុនៅប្រទេសជប៉ុនត្រជាក់ខ្លាំង ដូច្នេះវាងាយស្រួលសម្រាប់ពង្រឹងកម្លាំងរាងកាយ និងការរៀបចំបានល្អ»។
ថ្លែងមតិអំពីភាពខុសគ្នានៃអាកាសធាតុដែលក្រុមកំពុងជួបប្រទះនោះ គ្រូបង្វឹក Mai Duc Chung បាននិយាយថា៖«នៅកម្ពុជា អាកាសធាតុក្តៅ ប៉ុន្តែយើងត្រូវយកឈ្នះវាឱ្យបាន។ មិនត្រឹមតែក្រុមវៀតណាមប៉ុណ្ណោះទេ ថែមទាំងក្រុមផ្សេងទៀតក៏អញ្ចឹងដែរ ដើម្បីជម្នះការលំបាក និងឧបសគ្គក្នុងអាកាសធាតុ ក្នុងការលេងឱ្យបានល្អ ដូច្នេះយើងត្រូវស៊ាំនឹងគ្រប់លក្ខខណ្ឌទាំងអស់»។
នៅស៊ីហ្គេមលើកទី៣២ ក្រុមនារីវៀតណាមបានចូលក្នុងពូល A រួមជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន។ លោក Chung មានការប្រុងប្រយ័ត្នក្នុងការវាយតម្លៃរបស់គាត់ចំពោះគូប្រជែង។
«នេះជាក្រុមខ្លាំង ហើយយើងគោរពគូប្រកួតទាំងអស់របស់យើង។ គោលដៅរបស់យើងគឺព្យាយាមធ្វើបានល្អគ្រប់ការប្រកួត»។
តាមកាលវិភាគ ក្រុមនារីវៀតណាមនឹងប្រកួតបើកឆាកជាមួយម៉ាឡេស៊ីនៅម៉ោង៤រសៀល នៅថ្ងៃទី 3 ឧសភា។