ក្នុងសន្និសីតកាសែតមុនការប្រកួតព្រឹកនេះ គ្រូបង្វឹកក្រុមជម្រើសជាតិនារីឡាវលោក Mohammad Herman B Zailani បាននិយាយថា ប្រសិនបើកម្ពុជាចាញ់ឡាវក្នុងការប្រកួតបើកឆាកវិញ្ញាសាបាល់ទាត់នារីក្នុងពូល B ស្អែកនេះ ការហ្វឹកហាត់នៅចិន៦ខែរបស់កម្ពុជានឹងមានបញ្ហាជាក់ជាមិនខាន។
លោកបាននិយាយថា៖« ក្នុងនាមជាគ្រូបង្គោលជម្រើសជាតិឡាវ ខ្ញុំពិតប្រាកដជារីករាយដែលបានដឹកនាំក្រុមចូលរួមក្នុងការប្រកួតនៅព្រឹត្តិការណ៍មួយនេះ។ ក្រុមរបស់យើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតមួយនេះ»។
«យើងគោរពក្រុមផ្សេងៗក្នុងពូលជាមួយគ្នានេះដែរ ហើយខ្ញុំសម្លឹងឃើញថាក្រុមកម្ពុជាបានរៀបចំខ្លួនបានយ៉ាងល្អក្នុងការប្រកួតនេះ ដោយមានការបោះជុំរំហ្វឹកហាត់យ៉ាងយូរ! តែយ៉ាងណា! ខ្ញុំសង្ឃឹមថាក្រុមរបស់យើងនឹងធ្វើបានល្អ»។
ក្រុមបាល់ទាត់នារីឡាវ បានចេញដំណើរទៅកាន់ខេត្តឈុនបុរី ប្រទេសថៃ ដើម្បីធ្វើការបោះជំរុំហ្វឹកហាត់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៤-២៩ ខែមេសា ឆ្នាំ២០២៣ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ គ្រូបង្វឹកក្រុមលោក Mohammad Herman B Zailani មកពីប្រទេសសិង្ហបុរី រួមជាមួយនឹងកីឡាករ២៣នាក់ នឹងចូលរួមក្នុងការហ្វឹកហាត់នេះ។
ការប្រកួតដំបូងក្នុងពូល B ជំនួបក្រុមជម្រើសជាតិនារីកម្ពុជានិងនារីឡាវនឹងចាប់ផ្ដើមនៅម៉ោង ៧និង០០នាទីយប់ថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៣នៅកីឡដ្ឋាន ស្មាត អរ អេស អិន ខណៈដែលជម្រើសជាតិនារីថៃនឹងត្រូវជួបក្រុមជម្រើសជាតិនារីសិង្ហបុរីនៅម៉ោង ៤និង០០នាទីល្ងាច៕