អ្នកគ្រប់គ្រងក្រុមកីឡាករប្រដាល់ថៃក្នុងស៊ីហ្គេមនៅកម្ពុជា លោក Panurat Lakboon ដែលកាន់តំណែងជាអគ្គស្នងការនគរបាលជាតិថៃ មានជំនឿចិត្តថា អ្នកប្រដាល់ថៃនឹងមានឱកាសដណ្ដើមបានមេដាយមាសលើសពី៥គ្រឿង ហើយលោកនឹងគៀងគររកលុយតាមលទ្ធភាព ដើម្បីលើកទឹកចិត្តកីឡាករ។
កាលពីថ្ងៃទី២៦ ខែមេសា នៅអាជ្ញាធរកីឡាថៃ ឧត្តមសេនីយ៍ឯក Panurat Lakboon អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក Chaiwat Chotima អគ្គលេខាធិការសមាគមប្រដាល់ថៃបានទៅទស្សនាការហ្វឹកហាត់របស់ក្រុមប្រដាល់ថៃ។
លោកឧត្តមសេនីយ៍ឯក ប៉ានូរ៉ាត់ ឡាក់ប៊ុន ( Panurat Lakboon )បាននិយាយថា លោកជឿជាក់ អ្នកប្រដាល់ទាំងប្រុស-ស្រី ដណ្តើមបានមេដាយមាសលើសពី៥គ្រឿង ហើយលោកនឹងព្យាយាមរៃអង្គាសប្រាក់ដើម្បីជួយលើកទឹកចិត្តប្រដាល់តាមលទ្ធភាព។
ចំណែកលោកវរសេនីយ៍ទោ Wijan Ponlid ដែលនាំអ្នកប្រដាល់ទៅស៊ីហ្គេមលើកទី៣២ បង្ហើបថា លោកពិតជាមានជំនឿចិត្តថា អ្នកប្រដាល់ស្រីមានឱកាសដណ្ដើមបានមេដាយមាស២ផងដែរ។ ថៃមិនបានចូលរួមបញ្ជូនកីឡាករមកប្រកួតប្រជែងលើវិញ្ញាសាគុនខ្មែរនោះទេ តែពួកគេនឹងបញ្ជូនកីឡាករមកប្រកួតលើវិញ្ញាសាប្រដាល់សាកល និង kickboxing ៕