កាលពីយប់មិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះរូបសកម្មភាពហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានៅកីឡដ្ឋាន ស្មាត អ អេស អិន ដើម្បីត្រៀមប្រកួតលើវិញ្ញាសាបាល់ទាត់នារី ខណៈដែលក្នុងរូបភាពទាំងនោះ គេឃើញកីឡាការិនីមានប្រភពមកពីបរទេស ៣នាក់ ហើយម្នាក់ក្នុងចំណោម៣នាក់នោះមានឈ្មោះថា ឈីវ សេឡេណា (Selena Chhiv )។
យុវនារីខ្មែរមានប្រភពមកពីប្រទេសកាណាដារូបនេះ ប្រកាសចង់លេងឱ្យជម្រើសជាតិកម្ពុជា ខណៈរូបនាង ធ្លាប់មានបទពិសោធន៍ និងសមត្ថភាពលេងឱ្យក្លិបវិទ្យាល័យដែលនាងរៀននៅកាណាដា។
ឈីវ សេលីណា មានឪពុក និងម្ដាយជាជនជាតិខ្មែរ បានផ្លាស់ទៅរស់នៅប្រទេសកាណាដា ក្នុងអំឡុងសម័យសង្គ្រាម ហើយនាងបានកើតនៅទីក្រុង Montreal ប្រទេសកាណាដា នាឆ្នាំ ២០០២។
កាលពីឆ្នាំ២០២២ កន្លងមកទៅ នាងបាននិយាយក្នុងសារព័ត៏មានក្នុងស្រុក (kampucheathmey)ថា៖ «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីត្រៀមខ្លួនចូលរួមជាមួយក្រុមនារីកម្ពុជា ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះខ្ញុំហ្វឹកហាត់ស្ទើររាល់ថ្ងៃ ខ្ញុំត្រៀមខ្លួនគ្រប់ពេល។ នៅរដូវក្តៅខ្ញុំហ្វឹកហាត់ប្រហែល ៦ ថ្ងៃក្នុងមួយសប្តាហ៍ ប៉ុន្តែក្នុងរដូវរងា ដោយសារត្រជាក់ និងមានធ្លាក់ព្រិល ខ្ញុំហ្វឹកហាត់តិចជាងបន្តិច ខ្ញុំតែងតែព្យាយាមហ្វឹកហាត់សងវិញ»។ សម្ដីរបស់ សេលីណា។ សេលីណា ក៏បានទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីប្រកួតកន្លងៗមកផងដែរ ខណៈរូបនាងបានកត់សម្គាល់រឿងមួយចំនួន។ នាងនិយាយថា៖ «ខ្ញុំឃើញការប្រកួតកម្ពុជាមួយចំនួនក្នុងការប្រកួត AFF Women’s Championship ចុងក្រោយទល់នឹងប្រទេសផ្សេង ខ្ញុំដឹងថាគេខ្លាំងប៉ុណ្ណាបើធៀបនឹងក្រុមនារីកម្ពុជា។ ខ្ញុំក៏ស្គាល់ក្រុមជាច្រើននៅកាណាដាដែលខ្លាំងជាងនេះផងដែរ»។
សព្វថ្ងៃ Selena Chhiv មានវ័យ២១ឆ្នាំ កំពស់ 1.65m ធ្លាប់បានលេងនៅឈុតយុវជនជាច្រើនដូចជា នៅតាមសកលវិទ្យាល័យដែលនាងកំពុងសិក្សា ជាប់ឈ្មោះលេងឱ្យជម្រើសរដ្ឋក្នុងប្រទេសកាណាដា ការប្រកួត Futsal ថា្នក់ជាតិ ហើយធ្លាប់ឈ្នះជើងឯកតាមកម្មវិធីផ្សេងៗជាច្រើនទៀតផង។
រូបនាងអាចលេងជាតួនាទីខ្សែការពារស្លាបស្តាំបំរើកណ្តាល និងប្រយុទ្ធស្លាប ដោយសារតែនាងអាចប្រើល្បឿនបានលឿនងាយស្រួលក្នុងការគាំទ្រប្រយុទ្ធខាងលើ។ អំឡុងឆ្នាំ 2020 Selena Chhiv ធ្លាប់លេងឱ្យក្រុម Cs Fabrose Semi-Pro និង Stark Futsal Club ហើយកាលពីឆ្នាំ 2021 រូបនាងបានផ្លាស់មកលេងឱ្យក្រុម Norte-Dame-De-Grace U19។
ក្រោយបង្ហាញវត្តមានក្នុងការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនារីកម្ពុជាផ្សេងទៀតដែលទើបត្រឡប់មកពីបោះជុំរំហ្វឹកហាត់នៅប្រទេសចិន ពិតណាស់ Selena Chhiv អាចនឹងបង្ហាញវត្តមានក្នុងការប្រកួតស៊ីហ្គេមដែលជម្រើសជាតិនារីកម្ពុជាស្ថិតក្នុងពូល B ជាជម្រើសជាតិនារីថៃ សិង្ហបុរី និងឡាវ។ ការប្រកួតបើកឆាក ជម្រើជាតិនារីកម្ពុជានឹងត្រូវជួបជម្រើសជាតិនារីឡាវនៅថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទី នៅកីឡដ្ឋាន ស្មាត អរ អេស អិន៕