ក្រុមបាល់ទាត់ណាហ្គាវើលដ៏ បានបន្ថែមលំហាត់ថ្មីមួយសម្រាប់កីឡាកររបស់ខ្លួន ដោយទៅហ្វឹកហាត់លើទីលានហ្វូតសាល បន្ថែមលើលំហាត់លើវាលស្មៅ ខណៈដែលលោក ឃឹម បូរីគ្រូបង្វឹកឈុតធំរបស់បានបង្ហាញថា នេះជាលំហាត់មួយបន្ថែមលើបច្ចេកទេសដែលមានស្រាប់។
ក្នុងសារឆ្លើយឆ្លងជាមួយ B8Sport.net លោក ឃឹម បូរីថ្លែងបែបនេះ៖« គោលបំណងយើងទៅហ្វឹកហាត់បែបនេះ( លើទីលានហ្វូតសាល) គឹយើងចង់បង្កើនសមត្ថភាព បច្ចេកទេសរបស់កីឡាករ»។
«យើងផ្ដោតអារម្មណ៍លើបច្ចេកទេសលើទីលាន ទាំងការបញ្ជូនបាល់ ការគ្រប់គ្រងបាល់ ទាំងការសម្រេចិត្តលើទីលាន ព្រោះយើងដឹងហើយថា កីឡាករលើទីលានហ្វូតសាលគឺធ្វើការខ្លាំងមែនទែន។ ពួកគេលេងមួយចាប់មួយ អញ្ចឹងយើងបង្វឹកការសម្រេចចិត្តរបស់គាត់ផង ពីព្រោះពេលដែលយើងស្ថិតនៅទីលានចង្អៀតយើងត្រូវការសម្រេចចិត្តឱ្យបានរហ័សបំផុត»។
គ្រូបង្វឹករូបនេះបានបន្តទៀតថា៖« យើងក៏រៀនពីការបញ្ជូនបាល់ក្នុងតំបន់ចង្អៀត របៀបពីការគ្រប់គ្រងបាល់ ហើយពិសេសយើងដឹងហើយថាលើទីលានហ្វូតសាល កីឡាករធ្វើការទាំងអស់គ្នា។ បើកីឡាករណាមិនធ្វើការគឺមានបញ្ហា ទាំងការពារ និងពេលប្រយុទ្ធ ពិសេសពេលប្រយុទ្ធហ្នឹងតែម្ដង។ ពេលមានបាល់យើងត្រូវការមានចលនាប៉ះ បម្លាស់ទីលឿនៗ! យើងចង់ឱ្យកីឡាកររបស់យើងយល់ពីស្ថានភាពបែបហ្នឹងក្នុងទីលានហ្វូតសាល ពេលដែលទៅទីលានធំ ពួកគេអាចដោះស្រាយបញ្ហាក្នុងស្ថានភាពបែបហ្នឹងបាន»។
រូបភាព៖ ណាហ្គាវើលដ៏