លោក Erik ten Hag បច្ចុប្បន្នមិនមានគម្រោងដកស្លាកដៃប្រធានក្រុមចេញពី Bruno Fernandes នោះទេ បន្ទាប់ពីរងបរាជ័យយ៉ាងអាម៉ាស់ 7-0 ទល់នឹង Liverpool នេះបើយោងតាមកាសែត The Sun ។
ក្រៅពីការចាញ់ដ៏គួរឲ្យភ្ញាក់ផ្អើល Bruno ក៏ត្រូវរងការរិះគន់ចំពោះភាពរញ៉េរញ៉ៃ និងអាកប្បកិរិយាមិនសមរម្យរបស់គាត់ពេញមួយប្រកួតនោះផងដែរ។ គាត់ហាក់បាត់បង់ភាពម្ចាស់ការ បាត់បង់ភាពច្នៃប្រឌិតដែលគាត់ធ្លាប់មានជាធម្មតា ហើយគាត់បានចំណាយពេលភាគច្រើនជជែកតវ៉ាជាមួយមន្ត្រីការប្រកួត។
អាកប្បកិរិយារបស់ Bruno ស្ទើរតែមើលទៅមិនសមជាប្រធានក្រុម ប៉ុន្តែផែនការរបស់ Ten Hag គឺនៅតែបន្តលើកឱ្យខ្សែបម្រើរូបនេះជាដឹកនាំការប្រកួតលើទីលាននាពេលបច្ចុប្បន្ន។ មែនទែនទៅ! Harry Maguire នៅតែជាប្រធានក្រុម Manchester United ប៉ុន្តែកង្វះពេលវេលាលេង បានធ្វើឱ្យ Bruno ទទួលបន្ទុកដឹកនាំនៅលើទីលាននៅរដូវកាលនេះ។
ហើយប្រសិនបើខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសត្រូវបានលក់ចេញនៅរដូវក្តៅនេះ Fernandes នៅតែជាកីឡាករឈានមុខគេក្នុងការទទួលបានស្លាកដៃប្រធានក្រុមបន្តពីគាត់។
ប្រភព៖ The Sun