យកឈ្នះអេស្ប៉ាញ២ទល់១ក្នុងការប្រកួតចុងក្រោយនៃពូល E ជាមួយនឹងការឈរកំពូលតារាង ក្រុមសាមូរ៉ៃជប៉ុនបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA World Cup 2022 ហើយ។
លទ្ធផល២ទល់១នេះគឺកើតឡើងពីការស៊ុតបញ្ចូលទីរបស់ Avaro Morata នៅនាទី១១ដែលជាពេលវេលានៃការនាំមុខបណ្ដោះអាសន្នរបស់អេស្ប៉ាញ។ ចូលវគ្គទី២ ជប៉ុនវាយបក២គ្រាប់ផ្ទួននៅនាទី៤៨ដោយខ្សែប្រយុទ្ធ Ritsu Doan និង Ao Tanaka នៅនាទី៥១។ គ្រាប់បាល់២គ្រាប់នេះ បានធានាឱ្យក្រុមមកពី អាស៊ីឡើងទៅយ៉ាងគួរឱ្យភ្ញាក់ផ្អើល។
ត្បិតតែបានយកឈ្នះកូស្ដារីការ ៤ទល់២ ក្នុងការប្រកួតចុងក្រោយនេះ អាល្លឺម៉ង់បានជ្រុះចេញពី World Cup ក្រោយឈរចំណាត់ថ្នាក់លេខ៣ក្នុងពូលមានបួនពិន្ទុស្មើក្រុមលេខ២អេស្ប៉ាញតែចាញ់គ្រាប់បាល់ចំណេញ។
លទ្ធផលនេះ ជប៉ុនជាក្រុមឈរកំពូលតារាងហើយជាក្រុមទី ២របស់អាស៊ីដែលឡើងទៅវគ្គ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA World Cup 2022 បន្ទាប់ពីអូស្រ្តាលីកាលពីម្សិលមិញ។ ចំណែកក្រុមមកពី អាស៊ីដែលធ្លាក់ចេញទៅហើយមានដូចជាម្ចាស់ផ្ទះកាតារ អ៊ីរ៉ង់។