ads
(English) គ្រូ Real Madrid សរសើរថា Mbappe អាចនឹងឈានកម្រិតដល់ Ronaldo
២០-កុម្ភៈ-២០២៥

(English)

អ្នកចាត់ការរបស់ក្លិបអធិរាជ-ស Real Madrid គឺលោក Carlo Ancelotti បានសរសើរដល់ខ្សែប្រយុទ្ធ Kylian Mbappe បន្ទាប់ពីរូបគេរកបាន Hat-Trick ទម្លាក់ Manchester City ចេញពីក្របខណ្ឌ UEFA Champions League សម្រាប់ការប្រកួតជើងទី ២ វគ្គ Play-Off ទ្បើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។ Real Madrid បានយកឈ្នះលើ Manchester City នៅជើងទី ២ ក្នុងលទ្ធផល ៣-១ ខណៈដែលជើងទី ១ ក្នុងលទ្ធផល ២-៣ មានន័យថាសរុបទាំងពីរជើងគឺ ៦-៣។

យ៉ាងណា បន្ទាប់ពីរកបាន Hat-Trick សម្រាប់ការប្រកួតខាងលើនេះ លោក Carlo Ancelotti បានថ្លៃងប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់ការប្រកួតថា៖ Mbappe មានសក្ដានុពលក្នុងការឈានទៅដល់កម្រិតដូចគ្នានឹង Cristiano Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមរហូតដល់ ៤៥១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៣៨ ប្រកួតសម្រាប់ក្រុមឈ្នះពានរង្វាន់ Champions League ចំនួន ១៥ ដង។ «គ្រប់គ្នាបានរង់ចាំការស៊ុតបញ្ចូលទី Hat-Trick របស់រូបគេ ហើយទីបំផុតវា​បាន​មក​ដល់​ហើយ។ ប៉ុន្តែ Mbappe មិន​មែន​តែ​ម្នាក់​នោះ​ទេ យើង​មាន​កីឡាករ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ហើយ​ពួកគេ​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ជាមួយ​នឹង​ការងារ​រួម​របស់​ពួកគេ​លើស​ពី​គុណភាព​បុគ្គល​របស់​ពួកគេ​ដែល​គួរ​ឱ្យ​កត់សម្គាល់»។

កីទ្បាករអន្តរជាតិបារាំងវ័យ ២៦ ឆ្នាំរូបនេះរកបាន ២៥៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៣០៨ ប្រកួតឱ្យក្រុម Paris Saint Germain រយៈពេលជាង ៦ ឆ្នាំ បាននិយាយថា៖ រូបគេមិនខ្វល់អំពីការក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាគេទេ ប្រសិនបើមិនទាន់ឈ្នះពានរង្វាន់»។ គួរបញ្ជាក់ថា ក្រុមការពារតំណែងជើងឯក Real Madrid បើមិនប៉ះ Bayer Leverkusen ក៏ Atletico Madrid  សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ពីព្រោះវាអាស្រ័យការចាប់ឆ្នោត នាថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលពួកគេក៏សម្លឹងមើលក្នុងការឈ្នះពានរង្វាន់ខាងលើនេះជាលើកទី ១៦ ក្នុងប្រវត្តិសាស្រ្តផងដែរ៕

ប្រភព៖ Reuter

ads