

កីឡាករ Songkran Puangnoi ត្រូវបានក្លិប Hua Hin City បណ្តេញចេញពីតំណែង បន្ទាប់ពីបានវាយទៅលើអាជ្ញាកណ្តាល និងគូប្រកួតអំឡុងពេលប្រកួត Thai League 3 ជាមួយក្លិប Rajaracha។
ឧបទ្ទវហេតុនេះបានកើតឡើងនៅកីឡដ្ឋាន Khao Takiap ខណៈដែលក្លិប Rajpracha បានយកឈ្នះក្រុម Hua Hin ក្នុងលទ្ធផល 3-0 ក្នុងវគ្គទីមួយនៃការប្រកួតកាលពីថ្ងៃទី 2 ខែមីនា។ បន្ទាប់ពីកីឡាករ Rajpracha ម្នាក់បានដួល បន្ទាប់ពីព្យាយាមទាត់បាល់ អាជ្ញាកណ្តាលបានបញ្ឈប់ការលេងដើម្បីឱ្យបុគ្គលិកពេទ្យមើលថែគាត់។ ដោយជឿថាកីឡាកររូបនេះកំពុងបង្ករបួសនាំឱ្យខ្ជះខ្ជាយពេលវេលា កីឡាករPuangnoi បានចូលទៅជិតនិងទាត់កីឡាករដែលដួលនោះ។
ភ្លាមៗនោះ អាជ្ញាកណ្តាលបានផ្តល់កាតក្រហម ប៉ុន្តែ Puangnoi បានបញ្ចេញប្រតិកម្មយ៉ាងក្តៅគគុក ដោយដាល់ចំមុខអាជ្ញាកណ្ដាល មុនពេលងាកទៅវាយកីឡាករ Srithai Bookok របស់ Rajpracha ។ ការប្រកួតត្រូវបានពន្យារពេលប្រាំបីនាទីដោយសារភាពចលាចល។
នៅពេលដែលការប្រកួតចាប់ផ្ដើមឡើងវិញ អាជ្ញាកណ្តាលក៏បានពិន័យកាតលឿងកីឡាករ Chutiphan Nopnob របស់ Rajpracha ផងដែរ។ ខណៈនោះ Bookok បានរងរបួសភ្នែកស្តាំយ៉ាងធ្ងន់ធ្ងរមិនអាចបន្តបានទេ ហើយត្រូវប្តូរចេញ។ Rajpracha បានបន្តយកឈ្នះក្នុងលទ្ធផល 5-2។
យោងតាមគេហទំព័រ Siamsport កីឡាករ Bookok ប្រហែលជាត្រូវវះកាត់ភ្នែកដោយសារតែកកឈាម ហើយ Rajpracha បានជំរុញឱ្យគាត់ដាក់ពាក្យបណ្តឹងចោទប្រកាន់លើកីឡាករ Puangnoi ទៅកាន់ប៉ុស្តិប៉ូលិសក្នុងតំបន់។
ក្លិប Hua Hin បានចេញការសុំទោសជាផ្លូវការទៅកាន់ក្លិប Rajpracha, អាជ្ញាកណ្តាល និងកីឡាករដែលត្រូវបានគេវាយដំ។ ក្លិបបានប្រកាសថាខ្លួនបានបញ្ចប់កិច្ចសន្យារបស់ Puangnoi ហើយត្រូវបានចាត់ទុកថាជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតសម្រាប់សកម្មភាពរបស់គាត់។
ករណីនេះកើតឡើង បានធ្វើឲ្យមានការពិនិត្យរឿងក្ដីនេះ កាន់តែខ្លាំងស្របពេលកីឡាករ Puangnoi ក៏ជាមន្ត្រីប៉ូលិសដែរ។ ក្នុងការបង្ហោះតាមបណ្តាញសង្គម កីឡាករបានសុំទោសចំពោះការបាត់បង់ការផ្ដោតអារម្មណ៍ និងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
ក្រោមបទប្បញ្ញត្តិកីឡាបាល់ទាត់ថៃ ការប្រព្រឹត្តហឹង្សាដែលធ្វើឲ្យខូចមុខមាត់របស់កីឡា ជាធម្មតាត្រូវព្យួរចាប់ពី 2-4 ប្រកួត និងពិន័យជាប្រាក់ពី 40,000 ទៅ 60,000 បាត (1,170 ទៅ 1,750 ដុល្លារ)។ ទោះជាយ៉ាងនេះក្តី សារព័ត៌មាន ថៃរ៉ាត់ បានរាយការណ៍ថា Songkran ទំនងជានឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ដោយសារតែការវាយគូប្រកួតនេះ។
ប្រធានសមាគមកីឡាបាល់ទាត់ថៃ លោកស្រី Nualphan Lamsam បានសម្តែងការខកចិត្ត ជាពិសេសចំពោះតួនាទីរបស់ Puangnoi ជាមន្ត្រីប៉ូលីស ទៅលេងបាល់ទាត់ហើយ ធ្វើបានគូប្រកួតរហូតដល់មានរបួស។