(English) ក្លិបនាគខៀវបឹងកេត បានបញ្ជាក់ថា៖ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទទួលជោគជ័យក្នុងការវះកាត់សសៃពួរជង្គង់ ACL ខាងឆ្វេង និងទ្រនាប់ឆ្អឹងខ្ចីជង្គង់ហើយ ខណៈដែលការវះកាត់ខាងលើនេះធ្វើទ្បើងកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
បុរសសញ្ជាតិខ្មែរវ័យ ៣២ ឆ្នាំរូបនេះបានរងរបួសខាងលើ អំទ្បុងពេលក្រុមបឹងកេត បានយកឈ្នះលើខេត្តកំពង់ចាម ១-៨ នៅជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ ២០២៤-២៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ហេតុការណ៍ខាងលើនេះកើតទ្បើង បន្ទាប់ពីរូបគេញក់ចុះញក់ទ្បើងជាមួយនឹងកីទ្បាករកំពង់ចាម រហូតដល់ភ្នាត់ដោយខ្លួនឯង និងដេកដួលលើស្មៅតែម្តង។ បញ្ហាខាងលើនេះធ្វើឱ្យ ចាន់ វឌ្ឍនាកា បង្ខំចិត្តផ្លាស់ប្តូរចេញភ្លាមៗតែម្តងនៅទី ៤១ ជំនួសមកវិញដោយកីទ្បាករ អ៊ាវ សុវណ្ណារ៉ា។ ចាន់ វឌ្ឍនាកា ក៏រកបាន ១ គ្រាប់ឱ្យបឹងកេតផងដែរ នៅក្នុងជំនួបខាងលើនេះ។
យ៉ាងណា ក្រោយពីធ្វើការវះកាត់លើរបួសខាងលើ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាសោកស្តាយដែលត្រូវមកជួបរឿងនេះម្តងទៀត ប៉ុន្តែបាល់ទាត់គឺបែបនេះ ខ្ញុំនឹងព្យាយាមឱ្យបានឆាប់ជាសះស្បើយ ១០០ភាគរយ ដើម្បីអាចចូលទីលានវិញបានលឿន រីករាយថ្ងៃកំណើតរបស់ខ្ញុំនៅថ្ងៃនេះ សូមអោយអ្វីមិនល្អទៅតាមឆ្នាំចាស់ សូមលាភជ័យចូលមកក្នុងឆ្នាំថ្មីនេះផង ខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែបារម្ភ និងជូនពរខ្ញុំ»
គួររំលឹកថា ចាន់ វឌ្ឍនាកា ធ្លាប់រងរបួសដាច់សរសៃពួរជង្គង់ ACL ខាងស្តាំម្តងរួចមកហើយ កាលពីឆ្នាំ ២០២២ អំទ្បុងពេលប្រកួតទល់នឹងក្រុមវិសាខា នៅក្នុងពានរង្វាន់ Prince Beer Pre-Season Cup៕
អត្ថបទ៖ យ៉េ សេរីជប៉ុន