ads
មិនធម្មតាមែន! បឹងកេត ប្រកាសនាំចូលខ្សែការពារកូនកាត់ហ្វីលីពីន-ន័រវេស មកពីលីគកំពូលថៃ ដើម្បីពង្រឹងក្រុមនៅតំបន់ការពារ
០៣-មករា-២០២៥

ក្លិបបឹងកេត បានចុះហត្ថលេខានាំយកខ្សែការពារកូនកាត់ហ្វីលីពីន-ន័រវេស Scott Wood ពីក្លិប Muangthong United នៃក្របខណ្ឌលីគទី១ របស់ប្រទេសថៃ ដើម្បីចូលរួមប្រកួតប្រជែង ក៏ដូចជាពង្រឹងក្រុមនៅប្រព័ន្ធខាងក្រោមបន្ថែមទៀត។ Scott Wood ដែលមានវ័យ ២៤ ឆ្នាំខាងលើនេះនឹងលេងឱ្យក្រុមបឹងកេត ដែលស្ថិតនៅក្រោមកាដឹកនាំរបស់លោក Conor Nestor ក្នុងនាមជាកីទ្បាករកូតាអាស៊ាន សម្រាប់ការប្រកួតជើងទី២ ក្នុងក្របខណ្ឌ Cambodia Premier League នារដូវកាល ២០២៤-២៥។

យ៉ាងណា មុនពេលផ្លាស់មកកាន់ក្លិបបឹងកេត ខ្សែការពារ Scott Wood មានបទសោធន៍ជាច្រើនលេងនៅក្នុងប្រទេសន័រវេស ដោយរូបគេលេងឱ្យក្លិប IL Flint ឆ្នាំ២០២២-២៣ និង Eik Tønsberg ឆ្នាំ២០២៣-២៤ នៅលីគទី៣ របស់ប្រទេសន័រវេស ក៏ដូចជាក្លិប Azkals Development Team ឆ្នាំ២០២២ នៅលីគកំពូលហ្វីលីពីន ហើយក្លិប Muangthong United ឆ្នាំ២០២៤-២៥ នៅលីគកំពូលថៃជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កីទ្បាករ Scott Wood ក៏ធ្លាប់ជាប់ជម្រើសជាតិហ្វីលីពីនឈុតធំ និងអាយុក្រោម ២៣ឆ្នាំនៅឆ្នាំ២០២២-២៤ ផងដែរ។
គួរជម្រាបថា Scott Wood គឺជាកីទ្បាករទី ២ របស់ក្លិបបឹងកេត សម្រាប់ការនាំចូលនៅជើងទី ២ ក្នុងក្របខណ្ឌ Cambodia Premier League នាំអំទ្បុងពេលទីផ្សារដោះកីទ្បាករលើកទី ២ នៅកម្ពុជា បន្ទាប់ពីខ្សែការពារសញ្ជាតិអូស្ត្រាលី Alex Baker ដែលមានវ័យ ២៣ ឆ្នាំ៕
ads