គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Patrick Kluivert បានកំណត់គោលដៅដឹកនាំក្រុមទ្បើងទៅលេង World Cup ឆ្នាំ២០២៦ ខាងមុខនេះ។ លោក Patrick Kluivert ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំ និងជម្រើស ២ ឆ្នាំបន្ថែមទៀត បន្ទាប់ពីលោក Shin Tae-yong ត្រូវបានបញ្ចប់តួនាទី ដោយសារដឹកនាំក្រុមមិនអាចឆ្លងផុតវគ្គចែកពូល B ក្នុងពានរង្វាន់ ASEAN Cup ឆ្នាំ២០២៤ កាលពីកន្លងទៅ។
យ៉ាងណា ក្រោយពីធ្វើការបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាគ្រូបង្វឹកថ្មី លោក Patrick Kluivert បានបង្ហាញពីគោលដៅក្នុងការដឹកនាំក្រុមទ្បើងទៅលេង World Cup ឆ្នាំ២០២៦ ជាលើកដំបូងដែល ៣ ប្រទេសរួមគ្នាធ្វើជាម្ចាស់ផ្ទះ (អាម៉េរិក, កាណាដា និងម៉ិកស៊ិក)។ លោក Patrick Kluivert បានថ្លៃងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «អ្នករាល់គ្នាដឹងថាយើងមានបួនប្រកួតត្រូវលេង ហើយទាំងបួនគឺដូចជាវគ្គផ្តាច់ព្រ័ត្រ។ យើងត្រូវតែសម្រេចបាននូវអ្វីដែលយើងចង់បាន។ អ្វីដែលសំខាន់បំផុត គឺបង្កើតលទ្ធផល និងធ្វើឱ្យមានមានឥទ្ធិពល។ មនុស្សគ្រប់រូបត្រូវតែមានឆន្ទៈដើម្បីសម្រេចបាននូវគោលដៅនេះហើយយើងត្រូវរួមគ្នាកសាងនេះ។ មនុស្សគ្រប់រូបត្រូវឈរជាមួយគ្នា»។
គូសបញ្ជាក់ថា ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលស្ថិតនៅក្នុងពូល C ជាមួយនឹងជប៉ុន អូស្ត្រាលី អារ៉ាប៊ីសាអូឌីត បារ៉ែន និងចិន សម្រាប់ការប្រកួតជម្រុះ World Cup ជុំទី ៣ តំបន់អាស៊ី ខណៈដែលពួកគេលេងបាន ៦ ប្រកួតមាន ៦ ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល និងនៅសល់ ៤ ប្រកួត។ ដូច្នេះហើយ សម្រាប់លោក Patrick Kluivert ដែលជាអតីតខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ នឹងដឹកនាំក្រុមក្នុងការប្រកួតជាមួយអូស្ត្រាលី ក្នុងវគ្គជម្រុះ World Cup ជុំទី ៣ តំបន់អាស៊ី នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ Ballthai