លោក ភា សុភ័ក្ក្រា ដែលជាគ្រូបង្វឹក TIffy Army FC បានប្រាប់ពីមូលហេតុដែលបញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធ Filipovic Nemanja និងខ្សែការពារ Soe Moe Kyaw នៅជើងទី ២ នៃក្របខណ្ឌលីគកំពូលកម្ពុជា ដោយសារពួកគេជួបប្រទះនឹងបញ្ហារបួស។
Filipovic Nemanja ជាកីទ្បាករសញ្ជាតិស៊ែប៊ីវ័យ ២៧ ឆ្នាំរូបនេះបានផ្លាស់មកកាន់ក្លិប Tiffy Army FC នៅឆ្នាំ ២០២៤ បន្ទាប់ពីចាកចេញ FK Omladinac Zablaće ដែលស្ថិតនៅក្នុងលីគទី ៣ របស់ប្រទេសស៊ែប៊ី ខណៈដែល Soe Moe Kyaw ជាកីទ្បាករសញ្ជាតិមីយ៉ាន់ម៉ាវ័យ ២៥ ឆ្នាំបានចាកចេញពីក្លិបភ្នំពេញក្រោន មកចូលរួមជាមួយនឹង Tiffy Army FC នៅឆ្នាំ ២០២៤ ផងដែរ។ យ៉ាងណា ជុំវិញការបញ្ចប់កិច្ចសន្យារបស់ពួកគេនៅជើងទី ២ លោក ភា សុភ័ក្ក្រា បានប្រាប់ឱ្យដឹងថា៖ «ការហ្វឹកហាត់ចុងក្រោយរបស់ Nemanja និង Soe ដែលថ្នាក់ដឹកនាំ និងក្រុមការងារក្លិបបានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់គាត់ សម្រាប់ការត្រៀមខ្លួននៅជើងទី ២ ក្រោមហេតុផលលើកត្តាបញ្ហារបួស។ យើងចាំបានថា Nemanja គាត់បានចូលរួមជាមួយនឹង Tiffy Army FC ក្នុងរយៈពេលដ៏ខ្លី ដើម្បីប្រកួតដំបូងនៅដើមរដូវកាល ដោយធ្វើឱ្យប៉ះពាល់បញ្ហាទ្រនាប់ឆ្អឹងជង្គង់រហូតដល់មានការវះកាត់។ ដូច្នេះហើយ ការវិលត្រលប់មកវិញរបស់គាត់មិនទាន់អាចគ្រប់គ្រាន់ការបង្ហញសមត្ថភាពដោយសារបញ្ហារបួសនៅ FULL នៅទ្បើយ។ ដោយទ្បែក សម្រាប់ Soe ដែលមានភារកិច្ចជាមួយក្លិប និងជម្រើសជាតិ ធ្វើឱ្យរូបគេមានការប្រកួតច្រើន ប៉ះពាល់កាយសម្បទារ និងបញ្ហារបួសរបស់គាត់ផងដែរ ហេតុនេះហើយ ការត្រៀមខ្លួនជើងទី ២ យើងបានផ្តោតសំខាន់លើយុវជន និងផ្តល់ឱកាសឱ្យកីទ្បាករកម្ពុជា បានបង្ហាញខ្លួនច្រើនរួមផ្សំនឹងជាមួយនឹងកីទ្បាករជប៉ុន ៣ នាក់ដែលយើងនៅតែបន្តគាត់លេងនៅរដូវកាលនេះ»។
បច្ចុប្បន្ននេះក្រុមដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក ភា សុភ័ក្ក្រា កំពុងតែធ្វើមិនបានល្អទ្ប់ើយ ដោយឆ្លងកាត់ការប្រកួត ៥ លើកចុងក្រោយ ពួកគេមិនទាន់ស្គាល់រសជាតិឈ្នះម្តងទេ។ Tiffy Army FC ក៏កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ផងដែរ ដោយពួកគេមាន ១៤ ពិន្ទុ សម្រាប់ការប្រកួតសប្តាហ៍ទី ១៥ នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥៕