ads
គូព្រេងមិនព្រាត់! Real ទ្បើងទៅជួប Barca នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup
១០-មករា-២០២៥

ក្លិបអធិរាជ-ស Real Madrid បានទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី៣ របស់ប្រទេសអេស្ប៉ាញ Spanish Super Cup បន្ទាប់ពីយកឈ្នះលើ Mallorca នៅឯកីទ្បដ្ឋានKing Abdullah Sports City របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីយប់មិញ។ គ្រាប់បាល់ជ័យជម្នះលើក្រុម Mallorca របស់ Real Madrid រកបានដោយខ្សែបម្រើ Jude Bellingham នៅនាទី ៦៣ ក៏ដូចជាបាល់ Own Goal ដោយខ្លួនឯងរបស់ខ្សែការពារ Martin Valjent នៅនាទី​ ៩០+២ និងខ្សែប្រយុទ្ធ Rodrygo ធ្វើបាននៅនាទី ៩០+៥។

លទ្ធផលបែបនេះធ្វើឱ្យក្រុម Real Madrid ត្រូវប៉ះគ្នាជាមួយនឹងក្លិប FC Barcelona នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Spanish Super Cup បន្ទាប់ក្លិបយក្សអេស្ប៉ាញមួយនេះបានទម្លាក់ក្រុម Athletic Bilbao នៅវគ្គ Semi-Final ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។  ក្លិប FC Barcelona ធ្លាប់បានគ្រងជើងឯកពានរង្វាន់ Spanish Super Cup ចំនួន១៤សម័យកាល និងបាននាំមុខក្រុមម្ចាស់ជើងឯក UEFA Champions League ១៥ សម័យកាល Real Madrid ដែលបានលើកពានរង្វាន់មួយនេះ ១៣ ដង។

គួររំឭកដែរថា កាលពីរដូវកាលមុន ក្លិប Real Madrid បានគ្រងជើងពានរង្វាន់ខាងលើនេះជាលើកទី ១៣ បន្ទាប់ពីយកឈ្នះលើ FC Barcelona ក្នុងលទ្ធផល ៤-១ នៅឯកីទ្បដ្ឋាន  King Saud University របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ដូច្នេះ ជំនួបលើកនេះ ក្រុមទាំងពីរច្បាស់ជានឹងធ្វើឱ្យកក្រើកដល់អ្នកគាំទ្រមិនខាន ព្រោះជាការសាងកំណត់ត្រាថ្មីឱ្យក្រុមរបស់ខ្លួន។ ក្លិបយក្សអេស្ប៉ាញទាំងពីរនេះ នឹងត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕
ads