សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសជូនដំណឹងដល់ក្រសួង-ស្ថាប័ន មន្ទីររាជធានី-ខេត្ត សមាគម-ក្លិបកីឡាហែលទឹកទាំងអស់ ស្តីពីការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មណ្ឌលកីឡាហែលទឹកបាត់ដំបង» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១០ ខែមករា ឆ្នាំ២០២២ នៅក្នុងសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមលិខិតជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់ថា បណ្តាក្លឹប-សមាគម ហែលទឹកដែលមានបំណងចូលរួមប្រកួតប្រជែងត្រូវដាក់ពាក្យចូលរួមប្រកួត ត្រូវមកទំនាក់ទំនងនៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក នៅមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយសហព័ន្ធបន្តការចុះឈ្មោះរហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាចទើបបិទបញ្ជី។ ចំពោះវិញ្ញាសាដែលដាក់ឱ្យប្រកួតត្រូវបានចែកជា៣ផ្នែកធំៗ គឺផ្នែកបុរសចាប់ពីអាយុ១២ ឆ្នាំឡើង ដែលមាន១២វិញ្ញាសា ខណៈផ្នែកនារី ចាប់ពី១០ឆ្នាំឡើងទៅ មាន១១វិញ្ញាសាដែរ ដោយ មានហែលរបៀបសេរី របៀបកង្កែប ហែលរបៀបផ្ងារ ហែលរបៀបមេអំបៅ ហែលបួនរបៀបឯកត្តជន និងហែលបណ្តាក់បួនរបៀប (៤x១០០ម៉ែត្រ) ក្នុងចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ។ ចំណែក ឯផ្នែកជនពិការមានពីរវិញ្ញាសាបុរស គឺហែល៥០ម៉ែត្រ និងហែល១០០ម៉ែត្រររៀបសេរីដូចៗគ្នា សម្រាប់ កម្រិតពិការភាព S3 ដល់ S10។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា គោលដៅនៃការរៀបចំការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅក្នុងមណ្ឌលហែលទឹកថ្មីនេះ ដើម្បីជាការតេស្តសាកល្បងនៃគុណភាពអាងហែលទឹកដែលទើបនឹងសាងសង់រួច សម្រាប់ការប្រកួតផង និងសម្រាប់ការហ្វឹកហាត់ផង។ លោកបានបន្ដថា អាងហែលទឹកខេត្តបាត់ដំបងនេះបានចំណាយអស់ថវិកាប្រមាណ ២លានដុល្លារអាម៉េរិក ដែលអាចរៀបចំការប្រកួតកម្រិតជាតិ និងអាចប្រកួតកម្រិតអន្តរជាតិថ្នាក់តំបន់បាន។ ទន្ទឹមនេះ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះត្រូវបានសាងសង់ឡើងស្របតាមផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។
ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ថ្នាក់ជាតិ ដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីនានាបានបញ្ចេញសមត្ថភាព និងសម្រិតសម្រាំងម្ចាស់ជ័យលាភីប្រចាំឆ្នាំផងដែរ។ ជាមួយគ្នានេះ «មណ្ឌលកីឡាហែលទឹកបាត់ដំបង» ស្ថិតក្នុងសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់សហព័ន្ធខ្មែរ កីឡាហែលទឹក ដើម្បីប្រើប្រាស់ដល់គោលដៅអភិវឌ្ឍន៍វិស័យកីឡាហែលទឹក ក្នុងការផលិតធនធាន កីឡាករ កីឡាការិនីឱ្យកាន់តែសម្បូរបែប និងរីកចម្រើនសម្រាប់ថ្ងៃអនាគតជាពិសេសគឺគោល ដៅចម្បង ចំពោះមុខ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕