(English) នៅក្នុងទីផ្សារដោះដូរខែមករា កីឡាករឆ្នីមៗមួយចំនួនតែងតែផ្លាស់ប្តូរក្លិបរបស់ពួកគេ ក៏ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ អតីតតារាបាល់ទាត់របស់ Chelsea ម្នាក់បានផ្លាស់ប្តូរអាជីពតែម្តងគឺ ពីសមរភូមិវាលស្មៅទៅសមរភូមិប្រយុទ្ធព្រៃ Amazon។ អតីតខ្សែបម្រើស្លាបក្រុមតោខៀវ Chelsea លោក Florent Malouda បានទទួលយកតួនាទីថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងនាមជាមន្ត្រីយោធានៅក្នុងក្រុមបំរុងពលរដ្ឋនៃកងវរសេនាធំថ្មើរជើងទី៣ នៅ French Guiana ដែលជាស្រុកកំណើតរបស់គាត់។
ថ្មីៗនេះគាត់បានបញ្ចប់ការហ្វឹកហាត់កងទ័ពជំហានដំបូងដែលពាក់ព័ន្ធនឹងការធ្វើដំណើរតាមដងទន្លេ ការតម្លេីង តង់ ការឆ្លងរបារឈើ និងចែករំលែកមេរៀនជីវិតជាមួយសហការីវ័យក្មេងៗ។ ទាហានបំរុងត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលបារាំងថាជាកម្មវិធី ដែលអនុញ្ញាតឱ្យជនស៊ីវិលចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងការលើកកម្ពស់តម្លៃ និងបេសកកម្មរបស់ស្ថាប័នយោធា ដោយមិនចាំបាច់ជាបុគ្គលិកយោធាខ្លួនឯងនោះទេ។ ទោះបីជាគាត់ពាក់ឯកសណ្ឋានថ្មីក៏ដោយ ក៏គាត់នៅតែស្រលាញ់ Chelsea ដោយថ្មីៗនេះបានចែករំលែករូបថតមួយសន្លឹកក្នុងឈុតក្រៅផ្ទះរបស់ពួកគេ ដើម្បីបង្ហាញពីអាជីពដ៏អស្ចារ្យរបស់គាត់។ បុរសវ័យ៤៤ឆ្នាំដែលបានឈ្នះពានរង្វាន់ធំចំនួន ៦ ជាមួយក្រុមតោខៀវ រួមទាំងពានរង្វាន់ Premier League ឆ្នាំ២០១០ និងពានរង្វាន់ Champions League ឆ្នាំ២០១២៕