ads
ads
កីឡាជាតិ៖ ហែលទឹកជើងឯកកីឡាថ្នាក់ជាតិ​ឆ្នាំ២០២១នឹងធ្វើឡើងនៅខេត្តបាត់ដំបង
០២-មករា-២០២២

សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បានប្រកាសជូន​ដំណឹង​ដល់​ក្រសួង​-ស្ថាប័ន​ មន្ទីរ​រាជ​ធានី​-ខេត្ត​ សមាគម​-ក្លិប​​កីឡា​ហែលទឹក​ទាំងអស់​​ ស្តីពីការ​ប្រកួត​កីឡា​ហែលទឹក​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ និង​អបអរសាទរ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ «មណ្ឌល​កីឡា​ហែលទឹក​បាត់ដំបង» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៨​-១​០ ខែ​មករា​ ឆ្នាំ​២០២២​ នៅ​ក្នុង​សាកលវិទ្យាល័យ​បាត់ដំបង​ ខេត្ត​បាត់ដំបង។

យោងតាមលិខិតជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់ថា បណ្តាក្លឹប-សមាគម ហែល​ទឹកដែលមានបំណងចូលរួមប្រកួតប្រជែងត្រូវដាក់ពាក្យចូលរួមប្រកួត ត្រូវមកទំនាក់ទំនង​នៅទី​ស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក នៅមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានី​ភ្នំពេញ ដោយសហព័ន្ធបន្តការចុះឈ្មោះរហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច​ទើបបិទបញ្ជី។ ចំពោះវិញ្ញាសាដែលដាក់ឱ្យប្រកួតត្រូវបានចែកជា៣ផ្នែកធំៗ គឺផ្នែកបុរសចាប់ពីអាយុ១២ ឆ្នាំឡើង ដែលមាន១២វិញ្ញាសា ខណៈផ្នែកនារី ចាប់ពី១០ឆ្នាំឡើងទៅ មាន១១វិញ្ញាសាដែរ ដោយ មានហែលរបៀបសេរី​ របៀបកង្កែប ហែលរបៀបផ្ងារ​ ហែលរបៀបមេអំបៅ ហែលបួនរបៀបឯកត្តជន និងហែលបណ្តាក់បួនរបៀប (៤x១០០ម៉ែត្រ) ក្នុងចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ។​ ចំណែក ឯផ្នែកជនពិការមានពីរវិញ្ញាសាបុរស គឺហែល៥០ម៉ែត្រ និងហែល១០០ម៉ែត្រររៀបសេរីដូចៗគ្នា សម្រាប់ កម្រិតពិការភាព S3 ដល់ S10។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា គោលដៅនៃការ​រៀបចំការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅក្នុងមណ្ឌលហែលទឹកថ្មីនេះ ដើម្បីជា​ការ​តេស្តសាកល្បងនៃគុណភាពអាងហែលទឹកដែលទើបនឹងសាងសង់រួច សម្រាប់ការប្រកួតផង និងសម្រាប់​ការហ្វឹកហាត់ផង។ លោកបានបន្ដថា អាងហែលទឹកខេត្តបាត់ដំបងនេះបានចំណាយអស់ថវិកាប្រមាណ ២លានដុល្លារអាម៉េរិក ដែលអាចរៀបចំការប្រកួតកម្រិតជាតិ និងអាចប្រកួតកម្រិតអន្តរជាតិថ្នាក់​តំបន់​បាន។ ទន្ទឹមនេះ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះត្រូវបានសាងសង់ឡើង​ស្របតាមផែនការមេ​របស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីឈុតធំ និង​ថ្នាល​ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាការប្រកួតកម្រិតបច្ចេក​ទេស​ខ្ពស់បំផុតរបស់ថ្នាក់ជាតិ ដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីនានាបានបញ្ចេញសមត្ថភាព និងសម្រិតសម្រាំងម្ចាស់ជ័យលាភីប្រចាំឆ្នាំផងដែរ។ ជាមួយគ្នានេះ​ «មណ្ឌល​កីឡា​ហែលទឹក​បាត់ដំបង» ស្ថិត​ក្នុង​សាកលវិទ្យាល័យ​បាត់ដំបង​ ខេត្ត​បាត់ដំបង គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់សហព័ន្ធខ្មែរ កីឡាហែលទឹក ដើម្បីប្រើប្រាស់ដល់គោលដៅអភិវឌ្ឍន៍វិស័យកីឡាហែលទឹក ក្នុងការផលិតធនធាន កីឡាករ កីឡាការិនីឱ្យកាន់តែសម្បូរបែប និងរីកចម្រើនសម្រាប់ថ្ងៃអនាគតជាពិសេសគឺគោល ដៅចម្បង ចំពោះមុខ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ads
ads