ការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ប្រទេសចិន 0-7 ក្រោមស្នាដៃក្រុមជប៉ុនក្នុងជុំទី 3 នៃវគ្គជម្រុះ World Cup ឆ្នាំ 2026 បានបង្កឱ្យមានការរិះគន់ពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចំពោះក្រុមជម្រើសជាតិ។
អ្នកគាំទ្រចិនបានប្រើពាក្យ«អាម៉ាស់»ដើម្បីពណ៌នាការបរាជ័យកាលពីថ្ងៃព្រហស្បតិ៍។ Channel News Asia បានសរសេរថា៖«ក្រុមបាល់ទាត់ជម្រើសជាតិចិន ប្រឈមមុខនឹងការមើលងាយ និងការរិះគន់តាមអ៊ីនធឺណិតពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ។ ពួកគេក៏បានចំអកដល់ស្ថានភាពកីឡាក្នុងប្រទេសផងដែរ»។
ការបរាជ័យនៅទីក្រុង Saitama ប្រទេសជប៉ុនបានក្លាយជាប្រធានបទពេញនិយមបំផុតនៅលើ Weibo ដែលជាបណ្តាញសង្គមដ៏ធំបំផុតរបស់ប្រទេសចិនគិតត្រឹមថ្ងៃសុក្រនេះ។
«ចិនចាញ់ 0-7 ក្រោមស្នាដៃជប៉ុន” បានក្លាយជាប្រធានបទដែលទទួលបានការចូលមើល 530 លានដង ដោយមានមតិរិះគន់ជាច្រើនបានទាក់ទាញអ្នកចុច Like រាប់ពាន់នាក់។
អ្នកប្រើប្រាស់ Weibo ម្នាក់បានសរសេរថា៖ «ពួកគេប្រហែលជាគិតថា ចាញ់ត្រឹមរបូតគ្រាប់បាល់ពីរគ្រាប់គឺគ្រប់គ្រាន់ហើយ ប៉ុន្តែពួកគេបានបងកើតប្រវត្តិសាស្ត្រម្ដងទៀតជាមួយនឹងគ្រាប់បាល់ 7-0»។
ម្នាក់ទៀតបាននិយាយថា៖ «ឥឡូវខ្ញុំយល់ថាហេតុអ្វីបាន CCTV មិនចាក់ផ្សាយការប្រកួតនោះ។
ការរិះគន់នៅតែបន្តកើតមានលើប្រធានបទពេញនិយមបំផុតរបស់ Weibo ។ គណនីមួយបាននិយាយថា ពួកគេមិនបានឃើញអ្នកចាំទីជប៉ុនពេញការប្រកួតនោះទេ។ អ្នកផ្សេងទៀតជាច្រើនបានអំពាវនាវឱ្យរំលាយក្រុមជម្រើសជាតិនេះចោលព្រោះថា ៖«គ្មានន័យអ្វីសោះក្នុងការចំណាយប្រាក់ច្រើនដល់ក្រុមដែលគ្មានប្រយោជន៍នេះទេ»។
មុនការប្រកួតម្សិលមិញ ចិនចាញ់ជប៉ុនច្រើនបំផុតត្រឹម២គ្រាប់៉ុណ្ណោះ។ ការបរាជ័យដ៏សំខាន់ចុងក្រោយរបស់ពួកគេក្នុងការប្រកួតផ្លូវការមួយគឺការបរាជ័យ 1-4 លើអ៊ីរ៉ង់ក្នុងឆ្នាំ 1997 ក្នុងវគ្គជម្រុះ World Cup ឆ្នាំ 1998 ។ 0-7 ក៏ជាការបរាជ័យដ៏ធំបំផុតរបស់ចិនក្នុងរយៈពេល 12 ឆ្នាំ ចាប់តាំងពីការបរាជ័យ 0-8 ក្រោមស្នាដៃក្រុមប្រេស៊ីលក្នុងការប្រកួតមិត្តភាពកាលពីឆ្នាំ 2012។
ចិនបានឈានចូលដល់ជុំទី៣នៃការប្រកួតជម្រុះ World Cup 2026 ក្នុងនាមជាក្រុមលេខ២នៅក្នុងពូល C នៃជុំទីពីរ។ នៅលើចំណាត់ថ្នាក់របស់ FIFA ប្រទេសជប៉ុនឈរលេខ១៧ហើយចិនឈរលេខ៧១។
លោក Branko Ivankovic គ្រូបង្វឹករបស់ប្រទេសចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា ៖«ប្រទេសជប៉ុនមិនត្រឹមតែជាក្រុមខ្លាំងបំផុតនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុមលំដាប់ពិភពលោកផងដែរ»។
គ្រូបង្វឹកសញ្ជាតិក្រូអាតបានទួញសោកថាវាជារាត្រីដ៏លំបាកបំផុតក្នុងអាជីពជាគ្រូបង្វឹករបស់គាត់។
Ivankovic បាននិយាយថា៖ “វាគឺជាការប្រកួតដ៏ស្វិតស្វាញមួយ។ យើងផ្តោតជាពិសេសលើការការពារកំឡុងពេលរៀបចំមុនការប្រកួតរបស់យើង ប៉ុន្តែយើងបានរបូតគ្រាប់បាល់ច្រើនពេកក្នុងអំឡុងពេលប្រកួត ហើយគ្រាប់បាល់មួយចំនួនមិនគួរកើតឡើងទេ”។
អ្នកសរសេរប្លុកកីឡាដ៏ល្បីល្បាញរបស់ប្រទេសចិន He Sheng ដែលមានអ្នកតាមដានជាងមួយលាននាក់នៅលើ Weibo បានធ្វើដំណើរទៅកាន់ទីក្រុង Saitama ដើម្បីមើលការប្រកួតផ្ទាល់ជាមួយកូនស្រីរបស់គាត់។ អ្វីដែលនៅក្នុងចិត្តរបស់គាត់គឺការធ្វើមិនបានល្អរបស់កីឡាករ។ លោកបាននិយាយថា៖ «មិនមានអ្វីត្រូវនិយាយអំពីការប្រកួតនេះទេ»។
ប្រទេសចិនត្រូវបានគេចាត់ទុកថាជាប្រទេសកីឡាខ្លាំងបំផុតទីពីរក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែពួកគេមិនអាចរកវិធីអភិវឌ្ឍកីឡាបាល់ទាត់បានទេ ហើយមិនអាចសម្រេចបាននូវមហិច្ឆតា ដើម្បីក្លាយជាប្រទេសបាល់ទាត់ដ៏អស្ចារ្យមួយ។ ក្លិបចិនធ្លាប់ចំណាយលុយច្រើនដើម្បីជ្រើសរើសតារាល្បីៗ ធំៗទៅប្រកួតជើងឯកថ្នាក់ជាតិ ដូចអ្វីដែលអារ៉ាប៊ីសាអូឌីតកំពុងធ្វើដែរ ប៉ុន្តែលទ្ធផលគឺដោយសារមូលដ្ឋានគ្រឹះបាល់ទាត់ខ្វះស៊ីជម្រៅក្នុងការអភិវឌ្ឍន៍យុវជន។
មិនត្រឹមតែប៉ុណ្ណោះ អំពើពុករលួយ ជាពិសេសនៅក្នុងសមាគមកីឡាបាល់ទាត់ចិន (CFA) បានធ្វើឲ្យអ្វីៗធ្លាក់ចុះ។ នៅឆ្នាំ 2023 អតីតប្រធាន CFA លោក Chen Xuyuan ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតពីបទសូកប៉ាន់នៅក្នុងការស៊ើបអង្កេតឆ្នាំ 2022 ។ ឥស្សរជនជាន់ខ្ពស់មួយចំនួន ជាពិសេសអតីតគ្រូបង្វឹកក្រុមជម្រើសជាតិចិន លោក Li Tie ក៏ត្រូវបានចាប់ខ្លួនផងដែរ។
លើកចុងក្រោយ និងតែមួយគត់ដែលចិនបានចូលរួមក្នុង World Cup គឺឆ្នាំ 2002។ អតីតប្រធានក្រុមជម្រើសជាតិលោក Fan Zhiyi ជឿជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រកួតជម្រុះ World Cup ជាលើកទីពីរគឺមិនអាចទៅរួចទេ។ ការចាញ់ជប៉ុនកាលពីយប់ថ្ងៃព្រហស្បតិ៍បានកាត់បន្ថយទំនុកចិត្តរបស់អ្នកគាំទ្រថែមទៀត។
អ្នកគាំទ្រម្នាក់បានសរសេរនៅលើ Weibo ថា៖«វិធីដែលពួកគេបានបរាជ័យគឺមិនអាចទទួលយកបាន»។
កាសែត Oriental Sports Daily បាននិយាយថា បាល់ទាត់ចិនកំពុងទទួលការវាយប្រហារយ៉ាងខ្លាំង។កាសែតនេះបានសរសេរថា៖«នៅពេលដែលភាពជូរចត់ឈានដល់ដែនកំណត់របស់វា អ្វីទាំងអស់ដែលនៅសល់គឺស្ពឹកស្រពន់” ។ លើសពីនេះ កាសែតដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានហៅ Ivankovic ថាជាគ្រូបង្វឹកអសមត្ថភាព ដែលទទួលខុសត្រូវមួយផ្នែកចំពោះការបរាជ័យនេះ។
ការប្រកួតជម្រុះ World Cup 2026 ជុំទីបីបានបញ្ចប់ការប្រកួតដំបូងរបស់ខ្លួន។ ប្រទេសចិននៅមានការប្រកួតចំនួនប្រាំបួនទៀត ដើម្បីស្ដារទំនុកចិត្តពីអ្នកគាំទ្រ។ ប៉ុន្តែផ្លូវឆ្ពោះទៅមុខមិនងាយស្រួលនោះទេ ព្រោះការប្រកួតបន្ទាប់នៅថ្ងៃទី 10 ខែកញ្ញា ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអារ៉ាប៊ីសាអូឌីត ដែលជាក្រុមដែលត្រូវការជ័យជម្នះផងដែរបន្ទាប់ពីស្មើ 1-1 ទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី។